
បើតាមទំព័រហ្វេសប៊ុកឈ្មោះ Movie Star Research របស់តារាសម្ដែងជើងចាស់ ស៊ិន ឧត្ដមផល្លា ឲ្យដឹងថាកន្លងមកលោក ចាន់ សម័យ ធ្លាប់ទៅចម្រៀង និងសម្ដែងនៅសហរដ្ឋអាមេរិកពិតមែន។ ប៉ុន្តែនៅពេលលោក ត្រឡប់មកប្រទេសកម្ពុជាវិញត្រូវបានចោរលួចកាបូប ហើយប្រាក់ដែលមានទាំងប៉ុន្មានក្នុងកាបូបត្រូវបានបាត់បង់ទាំងអស់គ្មានសល់ទើបធ្វើឲ្យម្ចាស់បទ"មិនស្រឡាញ់អូនមិនបាន" ធ្លាក់ខ្លួនទៅជាបែបនេះ។ បច្ចុប្បន្ននេះលោក មិនមានផ្ទះផ្ទាល់ខ្លួនស្នាក់អាស្រ័យទេគឺនៅផ្ទះជួល។
តាមប្រភពដែលអះអាងថា ជាមិត្តភក្តិជិតស្និទ្ធរបស់លោក ចាន់ សម័យ បានប្រាប់អ្នកនាង ស៊ិន ឧត្តមផល្លា ថា លោក ចាន់ សម័យ ជួបបញ្ហាជាច្រើនដូចជា គ្មានមធ្យោបាយក្នុងការធ្វើដំណើរនៅពេលទៅច្រៀងកម្មវិធីប្រគំតន្ត្រីម្ដងៗលោក តែងតែឲ្យអ្នកសិល្បៈជូនមកជានិច្ចតែមិនឲ្យជូនដល់ផ្ទះទេ ដល់ត្រឹមពាក់កណ្ដាលផ្លូវក៏សុំចុះ ព្រោះមិនចង់ឲ្យមិត្តភ័ក្ដិសិល្បៈដឹងពីស្ថានភាពលំបាករបស់ខ្លួន។ បន្ថែមពីនេះគ្រប់ពេលទៅច្រៀងកម្មវិធីម្ដងៗលោកតែងតែអង្គុយឆ្ងាយពីមិត្តភ័ក្ដិសិល្បៈធ្លាប់ស្និទ្ធស្នាលជាមួយគ្នាកន្លងមក។

ប្រភពដដែលបន្តថា ក្រៅពីរ៉ាប់រងចិញ្ចឹមកូនទាំង៥នាក់ហើយនោះ ចាន់សម័យ ថែមទាំងឈឺជើងអស់រយៈពេលជាង ១០ឆ្នាំមកហើយ តែហាក់ដូចមិនអើពើដោយសារតែលោកមិនមានថវិកាគ្រប់គ្រាន់ដើម្បីព្យាបាល។ ចំណែកឯរូបភាពស្ទូចត្រីនោះគឺជាចំណូលចិត្ត និងទីពីរដើម្បីធ្វើម្ហូបពិតមែន។ ទឹកមុខលោក ចាន់ សម័យ សព្វថ្ងៃទោះបីជាមិននិយាយក៏គេគ្រប់គ្នាអាចយល់បាន។
រីឯតារាកំប្លែងនាយ កុយ វិញដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតារាចម្រៀង ចាន់ សម័យ ឲ្យដឹងថា មិនមែនជារឿងពិតឡើយចំពោះរឿងលោក ចាន់ សម័យ ធ្លាក់ខ្លួនដល់ថ្នាក់ដើរស្ទូចត្រីនៅតាមមាត់ទន្លេយកមកចិញ្ចឹមជីវិតនោះ ព្រោះលោក និងម្ចាស់បទ"មិនអាចគ្មានអូន" ជួបគ្នាមិនសូវលោះពេលទេ ពិសេសពេលមានកម្មវិធីម្ដងៗ។

ចំពោះរឿង ចាន់ សម័យ ដើរស្ទូចត្រីវិញលោកអះអាងថា គឺជាចំណង់ចំណូលចិត្តរបស់គេ នៅពេលទំនេរពីការងារសិល្បៈ។ ចំណែកឯពណ៌សម្បុរប្រែប្រួលទៅជាខ្មៅស្រអាប់ដោយសារតែតារាចម្រៀងរូបនេះទៅស្ទូចត្រីអង្គុយហាលក្ដៅ។
លោកថា៖" ខ្ញុំសុំបញ្ជាក់ថា មិនមែនជាការពិតទេរឿង ចាន់ សម័យ ធ្លាក់ខ្លួនដល់ថ្នាក់នៅផ្ទះជួល ដើរស្ទូចត្រីមកចិញ្ចឹមជីវិតនោះ ព្រោះគាត់ចេញទៅច្រៀងក្រៅប្រទេសម្ដងៗរកលុយបានណាស់ រឿងអ្វីគាត់ទៅធ្លាក់ខ្លួនអ៊ីចឹងនោះ បើគាត់ទើបមកពីអាមេរិកបាន ៣ខែនេះ"។
ការអះអាងផ្ទុយស្រឡះពីគ្នានេះ ធ្វើឲ្យមហាជននៅតែមានមន្ទិលចំពោះស្ថានភាពជីវភាពរបស់តារាចម្រៀងខាងលើ តែទោះយ៉ាងណាក៏ដោយ មានតែសាមីខ្លួនទេ ដែលអាចបញ្ជាក់ការពិតជុំវិញរឿងទាំងអស់នេះ។ ប្រសិនបើមានការឆ្លើយតបតាមរូបភាពណាមួយពីតារាចម្រៀង ចាន់ សម័យ Sabay នឹងចុះផ្សាយបន្តទៀត៕
សារពីហ្វេសប៊ុក Movie Star Research របស់ ស៊ិន ឧត្ដមផល្លាខាងក្រោមនេះ

No comments:
Post a Comment