
ចាប់តាំងពីចុងឆ្នាំ ២០១៦ មក Apple បានបញ្ចេញ Macbook Pro ស៊េរីថ្មី ដែលប្រើប្រាស់រន្ធ Thunderbolt 3 (ក្រោមទម្រង់ជា USB-C) សុទ្ធតែម្ដង ហើយវាក៏មានពណ៌ប្រផេះក្រម៉ៅមកជាជម្រើសមួយទៀតក្រៅពីពណ៌ទឹកប្រាក់ផងដែរ។ បើតាមគេហទំព័រ 9to5Mac ថ្ងៃនេះ Macbook Pro ស៊េរីឆ្នាំ ២០១៥ ដែលមានរន្ធ HDMI, USB-A (USB ដែលពេញនិយមបំផុត), និងមានរន្ធដោតអង្គចងចាំប្រភេទ SD ពេញទំហំតែម្ដងនោះ ត្រូវបានដកចេញពីលើគេហទំព័ររបស់ Apple ហើយ ដោយជំនួសមកវិញដោយ Macbook Pro ស៊េរីឆ្នាំ ២០១៨ ដែលមានត្រឹមតែរន្ធប្រភេទ USB-C Thunderbolt 3 មួយមុខ តែប៉ុណ្ណោះ។

គួររំឭកដែរថា Macbook Pro ឆ្នាំ ២០១៥ ជាស៊េរីចុងក្រោយរបស់ Macbook Pro ដែលប្រើខ្សែសាកប្រភេទ MagSafe ដែលជាប្រភេទក្បាលឆក់ អាចផ្ដាច់ឬភ្ជាប់នឹងរន្ធបញ្ចូលថ្មដោយមិនភ័យខ្លាចរឿងដាច់ក្បាលសាក ឬក៏ខូចរន្ធនោះទេ។
រឿងមួយទៀតនោះគឺ Macbook Pro ចាប់ពីឆ្នាំ ២០១៦ មកប្រើប្រាស់ក្ដារចុចប្រភេទ Butterfly Mechanism ដែលមានភាពស្អិត និងពេលខ្លះមានបញ្ហាមិនដើរតែម្ដង ដែលក្រុមហ៊ុន Apple ផ្ទាល់ទើបតែចេញមុខសារភាពរឿងនេះ ហើយខ្លួននឹងទទួលជួសជុលរាល់ក្ដារចុចប្រភេទ Butterfly Mechanism 1 និង ២ ដែលមានបញ្ហាកើតឡើង។


ដូចនេះ ចំពោះអ្នកដែលចង់ប្រើកុំព្យូទ័រយួរដែរបស់ Apple ហើយចង់បានរន្ធសម្បូរបែប គឺនៅសល់តែ Macbook Air តែប៉ុណ្ណោះ ហើយ Macbook Air នេះទៀតសោត ថ្វីត្បិតតែថ្មីចេញពី Apple មែន តែកម្លាំងម៉ាស៊ីនគឺនៅខ្សោយខ្លាំងណាស់ បើសិនជាប្រៀបធៀបជាមួយ Macbook ស៊េរីដទៃទៀត។ សម្រាប់ហាងកុំព្យូទ័រនៅក្នុងស្រុក អាចនៅមានកុំព្យូទ័រ Macbook Pro ឆ្នាំ ២០១៥ ទាំងថ្មីនិងមួយទឹក សម្រាប់អ្នកប្រើប្រាស់ ដែលមិនចង់លង់ខ្លួនទិញឌុយបំបែកពីរន្ធ USB-C របស់ Macbook Pro ស៊េរីថ្មីទេនោះ។
No comments:
Post a Comment